top of page
bag003.jpg

ពិធីសម្ពោធជាផ្លូវការ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុង កម្ពុជា

Grand Opening Ceremony

ពិធីសម្ពោធជាផ្លូវការ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា

ថ្ងៃអង្គារ ទី១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ មហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា បានរៀបចំពិធីសម្ពោធអគារសិក្សាជាផ្លូវការ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាលតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ រួមតាំងមាតាបិតា និងសិស្សានុសិស្សជាច្រើនរូប។

នៅក្នុងសុន្ទរកថាដ៏មានអត្ថន័យរបស់លោកអធិការបតី បានគូសបញ្ជាក់ពីសារៈសំខាន់នៃគ្រឹះស្ថានអប់រំមួយនេះ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សផ្នែកគិលានុបដ្ឋាក ដែលជាផ្នែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា និងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាលជូនប្រជាជនកម្ពុជា។ លោកអធិការបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលចំពោះការគាំទ្រដ៏ពេញលេញ ដែលធ្វើឱ្យមហាវិទ្យាល័យនេះអាចដំណើរការបានជាផ្លូវការ។

ជាពិសេស លោកអធិការបតីបានផ្ញើសារអបអរសាទរ និងលើកទឹកចិត្តដល់និស្សិតទាំងអស់ដែលបានក្លាយជាផ្នែកមួយនៃគ្រួសារ វ៉ូជុងកម្ពុជា ដោយបានសង្កត់ធ្ងន់លើសក្តានុពល និងសមត្ថភាពដ៏ពូកែររបស់ពួកគេ។ ជាមួយគ្នានេះ លោកក៏បានសន្យាថា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់ នឹងប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍និស្សិតឱ្យក្លាយជាអ្នកជំនាញគិលានុបដ្ឋាកប្រកបដោយគុណភាព និងគុណធម៌។

ពិធីសម្ពោធនេះគឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ ក្នុងការលើកកម្ពស់វិស័យអប់រំ ដែលជាការឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ។ យើងប្តេជ្ញាចិត្តធ្វើឱ្យមហាវិទ្យាល័យគិលានុបដ្ឋាក វ៉ូជុងកម្ពុជា ទទួលបានជោគជ័យ និងក្លាយជាថ្នាលបណ្តុះបណ្តាលគិលានុបដ្ឋាកដ៏ឆ្នើមនាពេលអនាគត! យើងសូមអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តគាំទ្រដល់បេសកកម្មដ៏សំខាន់នេះ។

bottom of page